ប្រាសាទបក្សីចាំក្រុង
I. ទីតាំងប្រាសាទ
ប្រាសាទបក្សីចាំក្រុង ស្ថិតនៅក្នុងក្រុមនៃប្រាសាទអង្គរ ស្ថិតត្រង់ផ្នែកខាងត្បូងនៃក្លោងទ្វារចូលនៃទីក្រុង អង្គរធំ ប្រវែងប្រហែល ១០០មែត្រ។ ជាប្រាសាទភ្នំមួយ ដែល នៅកណ្តាលព្រៃស្រោង ខាងឆ្វេងផ្លូវ និងខាងជើងភ្នំបាខែង (ខាងជើង) ចំងាយ២០ម៉ែត្រ នៅម្តុំប្រាសាទនេះ ក៏មានប្រាសាទតូចៗ មួយចំនួនទៀតកសាងអំពីឥដ្ឋដែលខ្លះបិតបាំងដោយរុក្ខជាតិ។ ប្រាសាទបកក្សីចាំក្រុង មានរាងសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋ បែរមុខទៅទិសខាងកើត។
II. ស្តេចស្ថាបនិក
ប្រាសាទបក្សីចាំក្រុងត្រូវបានកសាងឡើងនៅក្នុងរាជព្រះបាទហស៌វរ្ម័នទី១ដែលជាបុត្ររបស់ព្រះបាទ
យសោវរ្ម័នទី១។
III. ប្រវត្តិប្រាសាទ
ប្រាសាទបក្សីចាំក្រុង
ត្រូវបានកសាងឡើង នៅក្នុងរាជ្យព្រះបាទហសវរ្ម័នទី១
ដែលជាបុត្ររបស់ព្រះបាទ យសោវរ្ម័នទី១។ សំណង់ប្រាសាទនេះ នៅមិនទាន់បានហើយ
រួចរាល់នៅឡើយ ដោយស្តេចអង្គនេះ សោយរាជ្យក្នុងរយ:ពេលខ្លី។ ក្រោយមកក្នុងរាជ្យព្រះបាទ រេជេន្រ្ទវរ្ម័នទ្រង់ក៏បានសោយរាជ្យនៅរាជធានីអង្គរទី២
ដែលគេពុំទានស្គាល់ទីតាំងច្បាស់លាស់ តែប្រហែលជានៅទិសខាងកើតនៃអតីតរាជធានី យសោធរ:បុរ។ ដែលទ្រង់ជាអ្នកបានក៏សាងបញ្ចប់។
ក្នុងការកសាងប្រាសាទនេះ
ព្រះបាទហសវរ្ម័នទី១ មានព្រះរាជបំណងឧទ្ទិសដល់បព្វការីជន របស់ទ្រង់ ពិសេសគឺ ព្រះបាទយសោវរ្ម័នទី១ជាព្រះបិតា
ហើយតំណាងដោយរូបសំណាក់ ជាព្រះឥសូរ។ ហើយមានរឿង តំណាល់ថា មានស្តេចមួយអង្គបានភៀសខ្លួន ពីការតាមសម្លាប់របស់ទាហានវាយប្រហារអង្គរ
កំឡុងពេលរត់គេច នោះ មានបក្សីមួយមកបាំងកម្តៅថ្ងៃ កុំឲ្យក្តៅដល់ឡើយ ហើយតាមការពារទ្រង់រហូត
ទើបស្តេចនោះបានដាក់ ឈ្មោះប្រាសាទនោះថា “ប្រាសាទបក្សីចាំក្រុង”។
IV. សិលាចារឹក
តាមឯកសារបានបញ្ជាក់ថាកាលពីជំនាន់ក៏សាងប្រាសាទនេះ
ពុំមានសិលាចារឹកអ្វីឡើយលុះដល់ ព្រះ បាទរេជេន្ទ្រវរ្ម័ននាំរាជធានីពីកោះកេរមកតាំងនៅអង្គរសារថ្មីវិញនៅគ្រិស្តសករាជ៩៤៨
ទើបព្រះអង្គឲ្យគេ ចារឹក កាព្យសំស្រ្កឹត នៅលើមេទ្វារ គួរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីបព្វការីជនដំបូងបង្អស់នៃជន
ជាតិខ្មែរមានតំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម “ កម្ពុ
” ទើបបង្កើតដោយឯកឯង(ស្វាយម្ភូ) ឥសីនោះទៅ ភពប្រសព្វនឹងទេពកញ្ញាឈ្មោះ “ មេរា
” ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅស្ថានីយ៍
បុរេប្រវត្តិមួយនៃ យុគ្គសំរឹទ្ធិ។ ដោយសិលាចារឹកនេះមានលេខសម្គាល់សិលាចារឹកគឺ K.286 ។
ក. ការចុះបញ្ជីសិលាចារឹក
អក្សរ ខ្មែរសម័យអង្គរ
ភាសា សំស្ក្រឹត
ឆ្នាំចារឹក ៩៤៨ គ.ស ( ៩៦៨ឝ.ក)
ចារឹកអក្សរ មានពីរជ្រុង
ជ្រុងខាងត្បូងនិងខាងជើង មាន៩៦បន្ទាត់។
លក្ខណៈសិលា មេទ្វាររបស់ប្រាសាទ
អ្នករកឃើញ មិនប្រាកដ
កន្លែងរកឃើញ ប្រាសាទបក្សីចាំក្រុង នៅក្បែរជើងភ្នំបាខែងពីខាងជើង និងនៅជិតមាត់ ទ្វារចូលទៅកាន់អង្គរធំពីខាងត្បូង។
កំពស់ ២.៦មែត្រ
បោះពុម្ពផ្សាយ ដំបូងដោយលោក អាបាថ ដឺ ប៊ែរហ្គែង ឆ្នាំ ១៨៨២ លើកទី១
ដោយលោក ហ្សកសឺដែស ឆ្នាំ ១៩៤២ ក្នុងសិលាចារេកកម្ពុជា ភាគទី ៤។
![]() |
![]() |
||
ខ. ការស្រង់អត្តន័យសិលាចារឹកបក្សីចាំក្រុង
អត្តន័យសិលាចារឹកបក្សីចាំក្រុងពីស្លោកទី៣ទៅ
៣. ការឧទ្ទិសដល់ព្រះវិស្ណុដែលជាព្រះថែរក្សានូវ
ជាព្រះតំណាងឲ្យសភាវៈល្អកំចាត់សភាវៈអាក្រក់
ហើយភាពល្អបរិសុទ្ធនេះដែលធ្វើឲ្យប្រជាជនគោរពជឿជាក់ថា
ព្រះអង្គជាសាក្សីនៃអំពើទាំងឡាយ។ទ្រង់ជាចៅក្រមកាត់ក្តីដែលមានសច្ចៈ។
៤. ការឧទ្ទិសដល់ព្រះព្រហ្មដែលបានប្រសូតចេញពីផ្កាឈូកនៅលើមហាសាគរ
តំណាងឲ្យភាពបរិសុទ្ធ កំចាត់នូវភាពកាចសាហាវនៃសភាវៈអាក្រក់ដែលមានតួអង្គយក្សជាតំណាង។
៥. ការឧទ្ទិសដល់ព្រះហរិហរៈ
ជាអាទិទេពរួមផ្សំគ្នារវាង ព្រះឥសូរនិងព្រះវិស្ណុ។ ទ្រង់តំណាងឲ្យភាពជោគជ័យមង្គល។
៦. ការឧទ្ទិសដលគុណបំណាច់របស់ព្រះឥសូរនិងព្រះនាងឧមាដែលជាព្រះបានបង្កើតលោក
និង បង្កើតភាវៈផ្សេងៗ។ ទ្រង់ជាទីគោរពនៃបណ្តាជនគ្រប់រូបពីបារមីរបស់ព្រះអង្គទាំងពីរ។
៧.
ការឧទ្ទិសដល់ព្រះនាងគោរីជាទេវៈស្រីដែលបានគោរពស្រឡាញ់ព្រះឥសូរ។
៨. ការឧទ្ទិសដល់បារមីសរស្វតី
ដែលមានអ្នកប្រាជ្ញដុះចេញពីផ្សិតរួមផ្សុំចេញពីផ្កាឈូកជាទម្រឲ្យ នាងឈរ។
៩.
ទន្លេគង្គាដ៏សក្តិសិទ្ធិដែលមានទឹកប្រៀបដូចជាទឹកអម្រឹតហូរធ្លាក់ចុះពីលើភ្នំ
ជាដំណាង់ឲ្យស្ថានសួគ៌។
ពេលហូរធ្លាក់ចុះមកមានចាំងត្រូវនឹងពន្លឺព្រះអាទិត្យធ្វើឲ្យខ្សែទឹកមានពន្លឺនិងសំឡេងបីដូចជាខ្សែក
គ្រប់ពេជ្រដែលធ្លា្កក់ចុះ។
១០.
ការឧទ្ទិសដល់ព្រះនាងលក្ស្មី កោតសរសើរដល់ភាពវ័យឆ្លាតរបស់ព្រះនាងដែលចេះជួយទុក្ខ ធុរៈ
គ្រួសារ មានគ្រួសារដ៏ល្អដែលជាគុណសម្បត្តិខាងក្នុង
ហើយព្រះនាងប្រាកដជាមានសមត្ថភាពចំពោះកិច្ចការដ៏ទៃទៀតប្រកបដោយភាពជោគជ័យ។
១១.
ការគោរពដល់ព្រះ កម្ពុ ស្វាយម្ភូ ដែលមានកិត្យានុភាពដ៏រុងរឿង ហើយបណ្តារាជវង្សជំនាន់ក្រោយៗ
របស់ព្រះអង្គបានបន្តភ្ជាប់ពូជពង្សសោមវង្ស (អាណាចក្រភ្នំ) និងសូរ្យវង្ស (ចេនឡា)
ដែលធ្វើឲ្យ
មានភាពសំបូររុងរឿង។
១២.
ការឧទ្ទិសដល់ព្រះនាងមេរាជាទេពអប្សរដែលព្រះឥសូរបានប្រគល់ឲ្យព្រះឥសី កម្ពុ ធ្វើមហេសី
គឺបាននិយាយ ទៅដល់ការក៏កើតទឹកដី ផ្តើមពីការផ្សំផ្គុំរវាងព្រះនាង មេរា និង
ឥសីកម្ពុ។
១៣.
ព្រះបាទស្រុតវរ្ម័នជាក្សត្រដែលបានគ្រប់គ្រងទឹកដី ឥសីកម្ពុ
ហើយបានរំដោះទឹកដីនេះគឺទឹកដី ចេនឡាចេញពីចំណងសួយសារអាកររបស់អាណាចក្រភ្នំ។
ព្រះអង្គជាព្រះវីរៈក្សត្រដែលមានគុណធម៌ចេះក៏សាងកុសលផលបុណ្យ។
១៤.
រាជ្យវង្សដែលបានបន្ត ពីព្រះបាទស្រុតវរ្ម័នមានបណ្តាក្សត្រឯទៀតៗ
នៅហែរហមជុំវិញជួយមន្ថែម កិត្យានុភាពកុសលធម៌ គុណធម៌ដល់ព្រះអង្គ។
១៥.
បណ្តាវរៈក្សត្រនៃសន្តិវង្សស្រីស្រុតវរ្ម័នមានវីរៈភាពខាងចំបាំង
ទើបអាចពន្លត់សង្គ្រាមធ្វើឲ្យពួកខ្មាំងសត្រូវខ្លបខ្លាចមិនហ៊ានប្រឆាំង។
១៦.
ក្សត្រដំបូងព្រះបាទស្រីរុទ្រ្ទវរ្ម័ន ជាបុត្ររបស់ព្រះនាងសោមា និងព្រះបាទកោណ្ឌិន្យ
ប្រកបដោយព្រះប្រាជ្ញាញាណ ពូកែក្នុងការគ្រប់គ្រងប្រទេស។
១៧.
វីរៈភាពនិងភាពជោគជ៧យជាអចិន្រ្តៃយ៍របស់ព្រះអង្គប្រៀបបាននិងកំដៅព្រះអាទិត្យរាប់ពាន់ឆ្នាំ
ផ្តល់សន្តិភាពគ្រប់ទិសទី។
១៨.
ភាពល្បីល្បាញអំពីកិត្តិនាមរបស់ព្រះមហាក្សត្រទាំងឡាយនៃរាជ្យវង្សកោណ្ឌិន្យ
បានមកពីវីរៈភាព ក្នុងសឹកសង្គ្រាមទទួលបានជ័យជំនៈ។
១៩.
រាជ្យវង្សនេះក៏បានប្រសូត្រមកនូវព្រះបាទជ័យវរ្ម័ន
ជាក្សត្រដែលបានក៏សាងរាជធានីនៅលើកំពូលមហេន្រ្ទបរព៌តដោយមានប្រារព្វធ្វើពិធីបូជាយញ្ញរាជាភិសេកព្រះអង្គជាស្តេចចក្រវាឡ
ជាទីពឹងអាស្រ័យនៃបណ្តាក្សត្រដ៏ទៃទៀត។
២០.
ព្រះអង្គបានគ្រប់គ្រងទឹកដីចេនឡាប្រកបដោយអំណាច់ ឈ្នះខ្មាំងសត្រូវនិងជនអាក្រក់ៗ។
២១.
ពេលរោបចំធ្វើពិធីបូជាយញ្ញរំដោះឧបទ្រពពីប្រទេសកម្ពុជា
ដោយមានផ្សែងនាំយកនូវភាពចង្រៃនិងជានិមិត្តសញ្ញានៃការធ្វើសឹកសង្គ្រាមបង្ហូរឈាម ទទួលបានជ័យជំនះលើខ្មាំងសត្រូវ
មិនមែនបាន ជ័យជំនះដោយការសុំអង្វរខ្មាំងសត្រូវទេ។
២២.
បុត្រារបស់ព្រះអង្គគឺព្រះបាទជ័យវរ្ម័នបានស្នងរាជ្យសម្បត្តិពីព្រះអង្គ។
ទ្រង់ជាអ្នកចេះដឹងខាងវិទ្យាសាស្រ្តបុរាណ។
ទោះបីជាទ្រង់មានអំណាចប៉ុន្តែទ្រង់ពុំឈ្លក់វង្វេងនូវអំណាចទ្រព្យសម្បត្តិ។
ទ្រង់មិនគាប់សង្គត់អ្នកក្រោម និងមានព្រះទ័យសន្តោសមេត្តា។
២៣.
ទ្រង់ជានយោបាយដ៏ប៉ិនប្រសប់ ក្នុងការគ្រប់គ្រងប្រទេសក្នុងកំនែទម្រង់
ពីអ្នកដែលគ្មានគុណធម៌គ្មានទ្រព្យធន ទៅជាមានគុណធម៌ មានទ្រព្យធនដោយភាពស្អាតសអំ
គ្មានល្បិចចរឹកគាប់សង្កាត់ ប្រជារាស្រ្ត
២៤.
ព្រះមាតុឆាខាងមាតារបស់ព្រះបាទជ័យវរ្ម័នមានព្រះរាជបុត្រាគឺព្រះបាទស្រីឥន្រ្ទវរ្ម័ន
ជាមហាក្សត្រដែលបានសោយរាជបន្តពីព្រះបាទជ័យវរ្ម័ន។
២៥.
ពេលប្រារព្វពីធីឡើងគ្រងរាជ្យរបស់ព្រះអង្គមានបណ្តាមហាក្សត្រដ៏ទៃចូលធ្វើគាវកិច្ច។ ដោយ សារមហាក្សត្រទាំងនោះពាក់ម្កុដដាំត្បូង
ពេលធ្វើគាវកិច្ចគឺពន្លឺនៃត្បូងទាំងឡាយចាំងរស្មីប្រៀបបាននិងហ្វូងដែលច្យុតចុះពីឋានសូគ៌។
២៦.
ព្រះអង្គបានកសាងលិង្គព្រះឥសូរបដិមាព្រះស្រីធរៈ បដិមាព្រះបិតា និងបដិមាដ៏ទៃទៀត
ព្រមទាំងបារាយទឹកដ៏ធំធេងល្ពីគ្រប់ទិសទីពីកិត្យានុភាពរបស់ព្រះអង្គ។
២៧.
ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមព្រះបាទស្រីយសោវរ្ម័ន។
ទ្រង់បានបន្តគ្រប់គ្រងរាជលើទឹក ដីដែលមានព្រំប្រទល់និងភូមា ចិននិងចម្ប៉ា។
២៨.
ព្រះបាទយសោវរ្ម័នមានប្រាជ្ញាឈ្លាស់វៃផ្នែកនយោបាយទ្រង់ប្រៀបដូចព្រះព្រហ្មនិងព្រះវិស្ណុ។
ព្រះអង្គជាព្រះព្រហ្មដែលដុះចេញពីផ្សិតព្រះវិស្ណុ មានន័យថាទ្រង់គ្រងរាជសម្បត្តិតែងតែប្រាថ្នាចង់ឲ្យ
ប្រទេសសុខសាន្តអាចថែរក្សាទឹកដីតំណែងបានយួរអង្វែង។
២៩.
ព្រះអង្គបានស្ថាបនារូបអាទិទេពជាង១០០អង្គនៅប្រាសាទលើកំពូលភ្នំ នៅឯកោះមួយដែល
មានទឹកព័ទ្ធជុំវិញ ព្រមទាំងជីកបារាយណ៍ខាងកើតឈ្មោះ យសោធរៈ។
៣០.
ទ្រង់មានបុត្រាមួយអង្គព្រះនាមព្រះបាទស្រីហស៌វរ្ម័ន។ ព្រះអង្គបានបន្តសោយរាជ្យ
ដោយមានការគោរពពីសំណាក់មហាក្សត្រទាំងឡាយ។
៣១.
ព្រះបាទស្រីហស៌វរ្ម័នមានគុណសម្បត្តិច្រើន។
ទ្រង់សព្វព្រះទ័យលើផ្នែកពន្ធដារនិងមានព្រះ
ទ័យយកចិត្តទុកដាកលើប្រជារាស្រ្តស្អប់ខ្ពើមអំពើអាក្រក់អយុត្តិធម៌។
៣២.
ទ្រង់បានក៏សាងបដិមាព្រះឥសូរនិងព្រះឧមាសម្រាប់ជាកុសល និងភាពកតញ្ញូដល់មាតាបិតា
របស់ព្រះអង្គ ព្រមទាំស្ថាបនា បដិមាព្រះវិស្ណុនិងព្រះទេពី
របស់ព្រះអង្គនៅជើងភ្នំឥន្រ្ទបរព៌ត។
៣៣.
ព្រះបាទឥសានវរ្ម័នជាប្អូនពៅមាតាតែមួយរបស់ព្រះបាទស្រីហស៌វរ្ម័ន។
ទ្រង់មានចំណេះវិជ្ជាខ្ពង់ខ្ពស់គ្រប់លើសិល្ប៍ មានប្រាជ្ញាវាងវៃប្រកបដោយជ័យជំនះ
ឈ្នះអស់មារសត្រូវ។
៣៤.
ព្រះអង្គជាក្សត្រដែលម៉ត់ចត់
ចេះត្រិះរិះពិចារណាវែកញែកយ៉ាងច្បាស់លាស់ត្រឹមត្រូវមិនអាងអំណាច។
ទ្រង់ប្រកាន់យកមតិភាគច្រើនជាធំ។
៣៥.
ព្រះស្វាមីបងប្អូនស្រី បិតារបស់ព្រះឥសានវរ្ម័ន
មានទឹកព្រះទ័យជ្រះថ្លាបានក៏សាងរាជធានីដ៏ធំមួយនិងដំកលលិង្គអាទិទេពឈ្មោះ
ត្រីភូនេស្វរៈ។
៣៦.
ចាប់តាំពីព្រះអង្គចាប់ក៏សាងព្រះត្រីភូនេស្វរៈហាក់ដូចជាខ្សោយអានុភាព
ទើបទ្រង់សង់បដិមាព្រះវិស្ណុមានដៃ៤។
៣៧.
នៅលើប្រាសាទដ៏ខ្ពស់ទ្រង់បានស្ថាបនាបដិមាលិង្គព្រះឥសូរដាក់លើទីខ្ពស់ដែលមានកំពស់៩
ហត្ថ ប្រាំបួនដង ព្រមទាំងក៏សាងបដិមាព្រះព្រហ្មនិងព្រះអាទិទេពដ៏ទៃទៀត។
៣៨.
ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាមព្រះបាទស្រីហស៌វរ្ម័ន
ជាស្តេចដែលមានតេជបារមីអំណាចខ្លាំងខ្លាដែលតែងតែទទួលបានជោគជ័យ។
ដោយសារតែវីរៈភាពរបស់ព្រះអង្គទើបធ្វើឲ្យប្រជាជនគោរពស្រឡាញ់ពុំហ៊ានល្មើសនឹងព្រះរាជបញ្ជារបស់ព្រះអង្គឡើយ។
៣៩.
ព្រះអង្គចេញទៅច្បាំងសម្លាប់ដោយផ្ទាល់ដើម្បីស្វែងរកសេចក្តីសុខជួនប្រជារាស្ត្រធ្វើឲ្យប្រទេសសុខសាន្ត។
៤០.
ព្រះជេដ្ឋាព្រះបាទស្រីហស៌វរ្ម័ន ព្រះនាមព្រះស្រីរាជេន្រ្ទវរ្ម័ន
មានគុណធម៌និងគុណសម្បត្តិជាច្រើនលើសមហាក្សត្រដ៏ទៃទៀតដែលធ្វើឲ្យប្រជាជនកោតសរសើរគោរពព្រះអង្គ។
៤១.
ទ្រុងមានគតិយុត្តិធម៌ មានអំណាចនិងវីរៈភាពខ្លាំងខ្លាលើសមហាក្សត្រទាំងឡាយ។
៤២.
ចាប់តាំងពីទ្រង់ប្រសូត្រ មានតែភាពសុខសាន្តសប្បាយ។ ទ្រង់មានប្រាជ្ញាឈ្លាស់វៃ
ប្រៀបដូចជា ភ្នែកទាំង៣នៃអង្គព្រះឥសូរ។
៤៣.
ស្រោចស្រពដោយរាជ្យសម្បត្តិនិងអអណាច ព្រះអង្គបានធ្វើឲ្យប្រទេសជាតិបានសុខសប្បាយ និងមានកិត្តិសព្ទល្បីសុសសាយ។
៤៤.
នៅប្រាសាទក៏សាងសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ
ទ្រង់បានស្ថាបនាលិង្គអមតៈឈ្មោះរូបព្រះសិទ្ធេស្វរៈ ដែលមានមហិទ្ទិឬទ្ធិដ៏អស្ចារ្យ
ហើយនៅក្នុងបារាយណ៍យសោធបុរៈ ព្រះអង្គបានស្ថាបនាលិង្គ និងរូបបដិមាអាទិទេពនានា។
៤៥.
ព្រះអង្គជាក្សត្រដ៏ឈ្លាសវៃចេះត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ
ទ្រង់បានស្ថាបនាបដិមាមានឈ្មោះព្រះបរមមេស្វរៈ
ដោយមានការរៀបចំពីធីបូជាជាប្រពៃណីនិងការដាក់លំអរកំទេចថ្មសិលា ប្រាសាទនោះ។
៤៦.
ក្នុងស្លោកនេះ
បានបញ្ជាក់ពីថ្ងៃខែឆ្នាំនិងពេលវេលានៃការកសាងសិលាចារឹកនេះទៅតាមក្បួនតារា
ដែលជាពេលដ៏នក្ខត្តឬក្សត្រូវនឹងមហាសករាជ ៩៦៨ដើរតួជាអ្នកនាំមុខទ្រទ្រង់ទេវស្ថានរបស់
អាទិទេព។
៤៧.
ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ប៉ន្តែអំពើល្អតែងតែឈ្នះ
ដោយហេតុនេះហើយទើបព្រះបាទ រេជេន្រ្ទវរ្ម័នឈ្វេងយល់ថា
មិនចាំបាច់ផ្សព្វផ្សាយសប្បុរសធម៌ដល់ស្តេចដែលសោយរាជ្យបន្តពីព្រះអង្គ
ឲ្យចេះថែរក្សាបេតិកភណ្ឌរបស់ព្រះអង្គ។ បានសេចក្តីថា
ស្តេចក្រោយៗនឹងជ្រូតជ្រាបគុណធម៌របស់ព្រះអង្គ ឲ្យចេះថែរក្សាជាតិដោយឯងឯងៗ
នោះស្តេចទាំងឡាយនឹងបានថ្កុំថ្កើន តែបើអ្នកក្រោយប្រព្រឹត្តអំពើអាក្រក់នោះអពើទាំងនោះ
នឹងតបផលអាក្រក់ដល់ស្តេចទាំងឡាយនោះជាក់ជា មិនខាន។
៤៨.
ប្រសិនបើទ្រព្យសម្បត្តិដូចជាទេវស្ថាន និងទ្រព្យសម្បត្តិផ្សេងៗ ដែលថ្វាយដល់អាទិទេព
ត្រូវបានបំផ្លេចបំផ្លាញ នោះអ្នកដែលគ្មានបំណងនឹងត្រូវអត់ទោសឲ្យ
ឯអ្នកមានបំណងអាក្រក់នឹងត្រូវវិនាសស្របតាមការប្រកាសរបស់ព្រះមហាក្សត្រ
សូមព្រះសិវៈជាសាក្សី។
V. លក្ខណៈស្ថាបត្យកម្ម
- រចនាបទ: បាខែង
- ស្ថាបត្យកម្ម: ខ្មែរ
ប្រាសាទនេះមានខឿនប្រាសាទប្រវែង ២៧មែត្រក្នុងមួយជ្រុង
និងប្រវែង១៥មែត្រនៅក្នុងថ្នាក់ ខាងលើ ហើយមានកំពស់ប្រមាណ១៣មែត្រ។ នៅថ្នាក់ខាងលើ មានតួប៉មប្រាសាទតែមួយសាងពី
ឥដ្ឋ បែរមុខទៅទិសខាងកើត និងមានចំលាក់ទ្វារបាល
ភេទស្រីអមសង់ខាង ទ្វារចូលឆ្លាក់ជាប់លើ ជញ្ជាំងឥដ្ឋ នោះតែម្តង ព្រមទាំងមានជណ្តើរ៤ នៅគ្រប់ទិសទាំង៤
ហើយជណ្តើរដែលសម្រួលដល់ ការឡើងទៅទស្សនា។ ដែលមានរាងពីរាមីតជាថ្នាក់ៗ ធ្វើអំពីថ្មបាយក្រៀមនិងឥដ្ឋដុត។
VI. កាលបរិច្ចេទកសាង
ប្រាសាទបក្សីចាំក្រុងនេះប្រហែលជាចាប់ផ្តើមកសាងឡើង
ដោយព្រះបាទហស៌វរ្ម័នទី១ (៩១០-៩៤៤)
និងបញ្ចប់ការកសាងដោយព្រះបាទរេជេន្ទ្រវរ្ម័ន (៩៤៤-៩៦៨)
។ ប្រហែលជាឆ្នាំ៩៤៨នៃ
គ្រិស្តសករាជ។
សេចក្តីសន្និដ្ឋាន
តាមការសិក្សារបស់ក្រុមយើងខ្ញុំ យល់ថាការសិក្សាអំពីប្រាសាទបក្សីចាំក្រុង
គឺពិតជាមានសារៈ សំខាន់ណាស់ដល់កូនខ្មែរគ្រប់រូប ដឹងអំពីប្រវត្តិសាស្រ្តប្រាសាទបក្សីចាំក្រុង
ដែលជាស្នាដៃមរតក ដែលដូនតាយើងបានបន្សល់ទុកមក។ ក្នុងនោះមានក្រុមរបស់យើងខ្ញុំបានសិក្សាអំពី
ប្រវត្តិសាស្រ្ត សិលាចារឹក លក្ខណៈស្ថាបត្យកម្ម កាលបរិច្ឆេទកសាង
ទីតាំងប្រាសាទ ស្តេចដែលបាន កសាងប្រាសាទនេះ។ ហើយប្រាសាទនេះមាន សិលាចារឹកមានការឆ្លាក់ដោយអក្ខរាវិចិត្រ ហើយធ្វើឲ្យយើងងាយស្រួលក្នុងការស្វែងយល់អំពីប្រាសាទនេះ
៕


No comments:
Post a Comment